(ពោធិ៍សាត់) ៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិកបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តពោធិ៍សាត់ ជាច្រើននាក់ផងដែរ។
ពិធីនេះបានរៀបចំឡើងក្នុងបរិវេណសាលាខេត្តពោធិ៍សាត់ ដើម្បីប្រកាសផ្ទេរ និងប្រគល់ភារៈកិច្ចជូនឯកឧត្តម ខូយ រីដា ពីអភិបាលរងខេត្តបាត់ដំបង មកជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួស ឯកឧត្តម ជាវ តាយ ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕