ក្នុងសុន្ទរកថាដ៏ខ្ពង់ខ្ពស់ចុងក្រោយ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចតេជោបានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផលការងារធំៗ សំខាន់ៗ ជាច្រើនតាមរយៈការសម្ពោធរដាក់ឱ្យដំណើរការ និងបើកការដ្ឋាននាពេលកន្លងមក។ ទន្ទឹមនេះ សម្តេចតេជោ ក៏បានសម្តែងនូវការកោតសរសើរ ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត និងផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយ ក្រុមហ៊ុនសំណង់សៀងហៃ(SCG) ដែលជាអ្នកសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ាន់អាន ដែលទទួលបន្ទុកត្រួតពិនិត្យបច្ចេកទេសផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវខ្នែងនេះ រហូតបានបញ្ចប់ការសាងសង់ជាស្ថាពរតាមការគ្រោងទុក និងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការវាយតម្លៃខ្ពស់ និងសូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមិត្តដែកថែបនិងស្មោះត្រង់បំផុតរបស់កម្ពុជា ដែលតែងតែជួយដល់កម្ពុជាលើគ្រប់វិស័យនៅគ្រប់កាលៈទេសៈទាំងអស់ អាចបិយាយបានថាជាប្រទេសលំដាប់ទី១ ដែលបានផ្តល់នូវហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានច្រើនជាងគេ សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។
ព្រមជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមចំណែកសហការគាំទ្រ និងផ្តល់ការយោគយល់ក្នុងការដោះស្រាយផលប៉ះពាល់ដីធ្លី លំនៅឋាន សម្រាប់ជំរុញដំណើរការសាងសង់រហូតបានជោគជ័យ។ មួយវិញទៀត សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានបានប្រើប្រាស់សិទ្ធិ និងបំពេញកាតព្វកិច្ចរបស់ខ្លួន ទៅចូលរួមបោះឆ្នោតដោយត្រឹមត្រូវ និងមានតម្លាភាព យ៉ាងគគ្រឹកគគ្រេង ដែលនាំឱ្យរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នឹងអាចលេចចេញរូបរាងឡើងនៅចុងខែសីហា ឬដើមខែកញ្ញាខាងមុខនេះក្រោមម្លប់សន្តិភាព។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់សូមមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ចូលរួមទប់ស្កាត់ការដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវតាមកាលកំណត់ ដែលទាំងអស់នេះគឺជាចំណែកក្នុងការចូលរួមរក្សាគុណភាពផ្លូវថ្នល់ លើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ផងដែរ៕