ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រទេសកម្ពុជា គ្មានជម្លោះសាសនាទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ

ប្រទេសកម្ពុជា គ្មានជម្លោះសាសនាទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេស របស់យើងមានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋក៏ដោយ ក៏យើងមិនបានមើលរំលង ចំពោះសាសនាដទៃទៀតឡើយ។​នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី កាលពីថ្ងៃ សុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ពិធី នេះក៏មានការចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើន រូបទៀត។​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ វិហារឥស្លាម ម៉ាស្ជិទ អាល់អាក់ឡា ព្រែកប្រា និងអគារស៊ូរ៉ាវស្ត្រី ជាសមិទ្ធផលថ្មីនៅ ក្នុង រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណដល់ សប្បុរសជនសាសនិក ឥស្លាមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគណៈអ៊ីមាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា, ពេលវេលា និងកម្លាំងកាយ-ចិត្ត ចូលរួមកសាងសមិទ្ធផល ទាំងនេះ នៅក្នុងមជ្ឈមណ្ឌលនៃអំពើល្អ បម្រើឱ្យការគោរពបដិបត្តិសាសនាឥស្លាម តាមបញ្ញតិ របស់អាល់ឡោះ និងការប្រៀនប្រដៅរបស់ព្យាការីមូហាំម័ទ រួមមាន ការបបួលគ្នាធ្វើអំពើល្អ និងហាមឃាត់អំពើអាក្រក់ទាំងទ្បាយទាំងពួង។ ជាមួយនេះ ឯកឧត្តម បណ្ឌិត ក៏សូមថ្លែង អំណរគុណចំពោះ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃ បណ្តាប្រទេស ជាមិត្ត ដែលបានចូលរួមក្នុងឱកាសនេះ ញ៉ាំងឱ្យកម្មវិធីនេះ កាន់តែមានភាពមហោ ឡារិកអធិកអធម ព្រមទាំងបានបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមនៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន ឱ្យកាន់តែមានមានភាពជិតស្និទ្ធលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការ យកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិ ទាំងមូល។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់ ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជាជារួម នៅក្រោមបរិយាកាសអំណោយផលសំខាន់ចំនួន ៣ គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និង ជីវភាព។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការអរគុណចំពោះ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជឿជាក់ និងផ្តល់ទំនុកចិត្ត លើ សម្តេចតេជោ និងរាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដ៏លំបាក និងគ្រោះថ្នាក់បំផុត គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជីវិតពីការ ឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។ ទិន្នន័យដ៏ច្រើនលើសលុបនៃចំនួន ប្រជាជនដែល បានចាក់វ៉ាក់សាំង គឺបានបង្ហាញអំពីគាំទ្រ និងការជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រជាជនមានគ្រោះអាសន្ន និងត្រូវការអ្នកជួយសង្គ្រោះ។ ដូច្នេះ សូមប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ តាមរយៈការអនុវត្តសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយមួយ ដែលខ្លួនពេញចិត្ត និងសូមគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕

About the Author: admin

You might like

Leave a Reply

Your email address will not be published. Required fields are marked *