ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់
ប្រតិបត្តិការរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ដឹកនាំដោយលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានស្រាវជ្រាវឈានដល់បំបែកសំណុំរឿងប្លន់ម៉ូតូប្រដាប់អាវុធ ចំនួន០៤ករណី និងឃាត់ខ្លួនជនសង្ស័យទាំង០៩នាក់នៅក្នុងភូមិសាស្ត្រខណ្ឌកំបូល ដែលធ្វើសកម្មភាពដោយជិះម៉ូតូដេញតាមម៉ូតូជនរងគ្រោះនៅតាមផ្លូវសាធារណៈមានសភាពស្ងាត់ជ្រងំហើយពួកវាយកកាំភ្លើងខ្លីភ្ជង់ជនរងគ្រោះឱ្យឈប់ម៉ូតូ ហើយធាក់ផ្តួលម៉ូតូក៏វាយជនរងគ្រោះដោយកាំភ្លើង ប្លន់យកម៉ូតូជិះគេចខ្លួនបាត់តែម្តង។
ជនសង្ស័យឃាត់ខ្លួនចំនួន០៩នាក់រួមមាន៖
១- ជា ដារ៉ូ ភេទប្រុស មុខរបរកម្មករសំណង់ ស្នាក់នៅភូមិផ្សារអង្គ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ
២- យុន វិសាល ហៅប៉េ ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល
៣- រៀម ចាន់ ភេទប្រុស គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៤- ស្រៀង វណ្ណៈ ហៅម៉ៅ ភេទប្រុស គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
៥- ទិត្យ វីឡា ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិ ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៦- សុខ ទៀង ដាវីដ ភេទប្រុស គ្មានមុខរបរពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ប្រើប្រាស់គ្រឿងញៀន
៧- សម្បត្តិ ដា ហៅឆាង ភេទប្រុស មុខរបរសន្តិសុខ ស្នាក់នៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
៨- ឈឹង គឹមឆន ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ
៩- អុន សំអុល ហៅខ្លី ភេទប្រុស គ្មានមុខរបរពិតប្រាកដ រស់នៅភូមិអំបិល សង្កាត់កំបូល ខណ្ឌកំបូល ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕