នៅថ្ងៃទី ២០ ខែ ១២ ឆ្នាំ ២០២២ វេលាម៉ោង ១៩:៥៨ នាទី នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( កាប់ដោយពូថៅ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ ភោគ លឹមហៀប ហៅ រ៉ា , សន្យា ភេទប្រុស អាយុ ៤៤ ឆ្នាំ ស្រុកកំណើត ភូមិវាល ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន ។
កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ២០:៣០ នាទី នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វេីសកម្មភាព កាន់ពូថៅ ០១ ដេីម ប្រវែងប្រហែល ២,៥ តឹក កាប់ទៅលើជនរងគ្រោះឈ្មោះ ផាន់ ផឺង ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស មុតរយះសាច់ចេញឈាម ផ្នែកខាងស្តាំក្រោមភ្នែក ។
ចំពោះជនសង្ស័យ និង ជនរងគ្រោះខាងលើ មិនធ្លាប់ស្គាល់គ្នាពីមុនទេ មូលហេតុ ៖ ស្រវឹងស្រាទំនាស់ពាក្យសម្តី ។
បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ថា សកម្មភាពបង្ក្រាបខាងលើនេះ គឺអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និង មានការសម្របសម្រួលទៅលើនីតិវិធី ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ៕