(បាត់ដំបង) ៖នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ដ្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់វិមានឯករាជ្យ សួនសម្ដេចក្រឡាហោមវិមានឯករាជ្យ និងផ្សាររាត្រី ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា-រដ្ឋសភា, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាត់ដំបង, ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្តបាត់ដំបង, មន្ដ្រីរាជការ-កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការយកចិត្តទុកដាក់ចង្អុលដឹកនាំជាប្រចាំរបស់ សម្ដេចក្រឡាហោម ស ខេង ខេត្តបាត់ដំបង មានឱកាសដ៏ប្រពៃពីសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានល្អប្រសើរតាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានទទួលនូវសមិទ្ធផលធំៗរួមនឹងការវិនិយោគជាច្រើន ជាក់ស្តែងខេត្តបានរៀបចំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាអាទិភាពរួមមានការកសាង និងជួសជុល ប្រព័ន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ និងសំអាតអនាម័យបរិស្ថាន កែលម្អសោភណភាពក្រុង ព្រមទាំង រៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈនៅទូទាំងខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ជូនអង្គពិធីបន្ថែមថា ខេត្តបាត់ដំបង មានប្រជាជនសរុបចំនួន ១.៣៦៤.៨៧៣នាក់ ស្រី ៦៨៦.៣៣២នាក់ ស្មើនឹង ២៩៣៧១០គ្រួសារ កំណើនប្រជាជនប្រចាំឆ្នាំ ២,១៦% ដង់ស៊ីតេជាមធ្យម ១១៦នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ។ លើសពីនេះទៀត ឯកឧត្តម បន្តថា គម្រោងសាងសង់វិមានឯករាជ្យនេះ មានផ្ទៃដីសរុបចំនួន ៩៦២ម៉ែត្រ មានខឿនទម្របាតក្រោមដែលមានអង្កត់ផ្ចិត ៣៥ម៉ែត្រ និងកម្ពស់ ២២,២៣ម៉ែត្រ មានអាងបាញ់ទឹក៤ មានកម្ពស់ ០,៨ម៉ែត្រ អមជុំវិញវិមានឯករាជ្យ។ សម្រាប់គម្រោងសួនសម្ដេចក្រឡាហោមវិមានឯករាជ្យ ធ្វើនៅលើផ្ទៃដីប្រមាណ ១៣.៦០០ម៉ែត្រ ចែកជា ៥តំបន់ ផ្សេងៗពីគ្នា មានដូចជា ទី១-តំបន់នាគបាញ់ទឹក តំបន់រីករាយ (កន្លែងថតរូប), ទី២-តំបន់សន្តិភាពស្ងប់ស្ងាត់ និងសុខសាន្ត, ទី៣-តំបន់រំលឹកប្រវត្តិសាស្ត្រ, ទី៤-តំបន់នាគសន្តិភាព ឬតំបន់រំលឹកគុណសន្តិភាព និងទី៥- តំបន់រង់ចាំ។ ដោយឡែក គម្រោងផ្សាររាត្រីក្រុងបាត់ដំបង សាងសង់ឡើងនៅលើផ្ទៃដីប្រមាណ ២.៤២៥ម៉ែត្រការ៉េ មានចម្ងាយប្រមាណ ៥០០ម៉ែត ពីទីតាំងវិមានឯករាជ្យ។ ផ្សាររាត្រីនេះ មានទ្វារចេញចូលចំនួន៣ ទ្វារធំមួយ និងទ្វារតូចពីរ ព្រមទាំងមានសួនផ្កានៅចំកណ្តាល ដែលមានផ្លូវដើរទៅមក ព្រមទាំងមានកន្លែងអង្គុយសម្រាប់ញ៉ាំអាហារផងដែរ។
ឯកឧត្តម បានបញ្ជាក់ជូនបន្ថែមទៀតថា គម្រោងទាំង៣ខាងលើ គឺគ្រោងសាងសង់រយៈពេល ៦ខែកន្លះ បន្ទាប់ពីការបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះទៅ នឹងគ្រោងបញ្ចប់ នាថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣ ខាងមុខ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា សមិទ្ធផលថ្មីនេះនឹងរួមចំណែកទាក់ទាញទេសចរណ៍ក្នុងស្រុក និងបរទេស ពិសេសប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត នឹងមានកន្លែងកំសាន្តក្នុងពិធីបុណ្យ ឬកម្មវិធីផ្សេងៗដែលរៀបចំដោយរដ្ឋបាលខេត្ត រួមទាំងការហាត់ប្រាណ និងកំសាន្តប្រចាំថ្ងៃក្នុងក្រុងបាត់ដំបង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង សង្កាត់ ព្រមជាមួយក្រុមការងារគ្រប់ថ្នាក់ដែលបានរួមសាមគ្គីជាមួយកម្លាំងគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ ក្នុងការរក្សាសន្តិភាព ស្ថិរភាព រួមគ្នាអភិវឌ្ឍន៍ខេត្ត និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ និងបានបន្ថែមដោយបញ្ហាជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋ ពិសេសប្រជាកសិករ រួមទាំងបញ្ហាប្រឈមផ្សេងៗទៀត។ ទន្ទឹមនេះ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា កម្ពុជានៅតែរក្សាបានសុខសន្តិភាព ហើយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលសរុបទាំងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះទៀត មាន១២ដងរួចទៅហើយ ដោយមិនគិតពីការបោះឆ្នោតអសកលផង។ ជាមួយគ្នានេះ សម្ដេចក្រឡហោម បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់អនុវត្ត និងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាបានសន្តិសុខ សណ្ដាប់ធ្នាប់សារណៈ និងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ សម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់រួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមសហគមន៍ ភូមិ ឃុំ សង្កាត់ ក្នុងនោះរាប់ទាំងនៅតាមសាលារៀនផងដែរ។
ក្នុងពិធីនេះដែរ សម្ដេចក្រឡាហោម បានណែនាំឱ្យរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពារធនធានធម្មជាតិ និងបរិស្ថាន ដែលសម្ដេចបានជំរុញឱ្យបង្កើនការយកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ បរបាញ់សត្វ និងការនេសាទខុសច្បាប់ដែលបំផ្លិចបំផ្លាញធនធានមច្ឆាជាតិ នៅតំបន់ជាប់បឹងទន្លេសាប ដូចជា លើការងារគ្រប់គ្រងសំរាម និងការលើកម្ពស់បរិស្ថាន ពិសេសបង្កើនភាពបៃតងនៅតាមទីសាធារណៈ ដែលសម្តេចក្រឡាហោម បានចាត់ទុកថា ខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ៕