បាត់ដំបង ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពកំណែទម្រង់រយៈពេល ១ឆ្នាំ របស់សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យ នៅសាលប្រជុំសាកលវិទ្យាល័យជាតិបាត់ដំបង ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមប្រឹក្សាភិបាល គណៈកម្មការគ្រប់គ្រង គណៈកម្មការដឹកនាំកំណែទម្រង់ លោកសាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានចូលរួមចំណែកក្នុងការដឹកនាំ អនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យសាកលវិទ្យាល័យទាំងពីរ មានភាពល្អប្រសើរ ទទួលបានការរីកចម្រើនទៅមុខជាលំដាប់ និងមានការចាប់អារម្មណ៍ គាំទ្រពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាឪពុកម្តាយ អ្នកអាណាព្យាបាល ពិសេសសិស្ស និស្សិតនៅក្នុងឆ្នាំសិក្សាកន្លងមក ទាំងក្នុងខេត្ត និងបណ្តាខេត្តផ្សេងៗទៀត ។
បើទោះបីជាសាកលវិទ្យាល័យទាំងពីរ មានការរីកចម្រើនក្តី ដើម្បីបន្តនិរន្តភាពឱ្យកាន់តែប្រសើរជាងនេះ ឯកឧត្តម ស សុខា ស្នើអោយថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំងពីរ បន្តអនុវត្តការងារមួយចំនួន ដូចខាងក្រោម ៖
១. បន្តពង្រឹងការគ្រប់គ្រង ដឹកនាំ និងលើកកម្ពស់ការផ្តល់សេវារបស់មន្ត្រីក្រោមបង្គាប់ ព្រមទាំងការអភិវឌ្ឍសាកលវិទ្យាល័យ ស្របទៅតាមផែនការយុទ្ធសាស្ត្រ ១០ឆ្នាំ និងផែនការសកម្មភាព និងកំណែទម្រង់ឆ្នាំ២០២៣ ។
២. បង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការគ្រប់គ្រង និងចាត់ចែងថវិកា ។
៣. បន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាថ្មីៗ សម្ភារទំនើបៗ ដូចជា ៖ ការទទួលយកការសិក្សាតាមឌីជីថល និងការបង្កើនការផ្សព្វផ្សាយតាមប្រពន្ធ័សង្គម ដែលអាចបង្កើត និងចែករំលែកខ្លឹមសារអប់រំ ។
៤. ពង្រឹង និងលើកកម្ពស់គុណភាពអប់រំ មជ្ឈមណ្ឌលអប់រំ ពង្រីក និងកែលម្អវិធីសាស្ត្រ
និងបច្ចេកទេសបង្រៀននិងរៀន ជាទូទៅសំដៅលើការប្រមូលផ្តុំក្នុងសាកលវិទ្យាល័យ
ក្នុងការដាក់ចេញនូវរបៀបវារៈ និងសមត្ថភាពក្នុងការកំណត់ និងកែប្រែលទ្ធផល ។
៥. ត្រូវពង្រីកបន្ថែមទៀតទៅលើធនធានសិក្សា ផលិតផលស្រាវជ្រាវ ប្រពន្ធ័គ្រប់គ្រងនិស្សិត និងសេវា ពង្រឹងប្រព័ន្ធធានាគុណភាពអប់រំ និងការស្រាវជ្រាវ និងនវានុវត្ត ។
៦. ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេស ក៏ដូចជាក្នុងតំបន់ និងអន្តរជាតិ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ទាំងកម្មសិក្សា មុខវិជ្ជាសិក្សា ។
៧. ត្រូវបង្កើតឱ្យមានវឌ្ឍនភាពអង្គភាពថ្មីៗទៀត និងដំណើរការប្រកបដោយនិរន្តភាព៕