(សៀមរាប) ៖ នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីបអរសាទរខួបអនុស្សាវរីយ៍ លេីកទី៤៤ ទិវាកំណេីតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (០២ធ្នូ.១៩៧៨-០២ធ្នូ.២០២២)ដែលប្រារព្ធធ្វើនៅសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សែម សុវណ្ណនី បានមានប្រសាសន៍នូវការផ្ដាំផ្ញើរសួរសុខទុក្ខពីសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះ បងប្អូនប្រជាពលរដ្ឋដែលមាន វត្តមានក្នុងអង្គពិធីនេះ។ ឯកឧត្តម បានបន្ដថា រណសិរ្សនេះបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះស្ថិតក្នុង ភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា រណសិរ្សសាមគ្គីសង្គ្រោះ ជាតិកម្ពុជា ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ជាច្រើនទៀត ដើម្បីតស៊ូវាយ រំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួល បានជ័យជម្នះទាំងស្រុងនៅ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ដោយសារគុណូបការៈនេះហើយ បានធ្វើឱ្យស្មារតី ២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជាអមតៈ ក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេស ដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប ដែលជំរុញឱ្យយើងទាំងអស់គ្នាតែងតែ ប្រារព្ធទិវារំលឹកខួបនេះជារៀងរាល់ឆ្នាំ និងបានចាត់ទុកថ្ងៃ ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យ ក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ២ធ្នូ ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា វិញដែលជាអង្គការចាត់តាំង មួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។
ព្រមជាមួយគ្នានេះ ឯកឧត្ដម សែម សុវណ្ណនី ក៏បានឧបត្ថម្ភដល់សមាជិកដែលបានចូលរួម ចំនួន ៣២៣នាក់ (ក្នុងម្នាក់ទទួលបានថវិកា ៥០,០០០រៀល) សរុបរួមការចំណាយគិតជាថវិការចំនួន ១១៥០ដុល្លារ ប្រាក់រៀល ១៩,៥២០,០០០រៀល។