នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ធ្វើឡើង ក្រោមពាក្យស្លោក «កីឡានាំមកនូវសន្តិភាពនិងការអភិវឌ្ឍ» មានរយៈពេលប្រមាណ ១២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
សម្តេចតេជោ ហ៊ុន សែន បាន អបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត រហូតដល់ទទួលបានជ័យជំនះជាទីមោទនៈនេះ។ សម្តេចតេជោ បានយកឱកាសនេះ អបអរសាទរចំពោះការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះ កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលនេះ កម្ពុជាបានបញ្ចូលជាបន្តបន្ទាប់នូវបេតិកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ ហើយនៅពេលខាងមុខកម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិដូនតាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត។
សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ ដែលបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។ សម្តេចតេជោសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសសិល្បករ-សិល្បការិនី និងយោធិនបញ្ជាការដ្ឋាន- អង្គរក្សចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ និងការសម្ដែង ប្រកបដោយ ទេពកោសល្យ ដែលនេះបង្ហាញនូវកិច្ចសហការល្អ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ។
សម្តេចតេជោ ហ៊ុន សែន សូមរំលឹកដល់ក្មួយៗកីឡាករ-កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ ។
ដើម្បីជំរុញលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ សម្តេចតេជោបានផ្តល់នូវទស្សនៈនិងចំណុចគន្លឹះមួយចំនួនដូចខាងក្រោម ៖
១-ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តដែលមិនទាន់ មានក្រុមកីឡាចូលរួមប្រកួត ត្រូវបង្កើតអង្គភាពកីឡា ឬ សមាគម កីឡាប្រចាំក្រសួងស្ថាប័ន អាជ្ញាធររាជធានី-ខេត្តរបស់ខ្លួនដោយមានយន្តការគ្រប់គ្រងដឹកនាំច្បាស់លាស់ មានតម្លាភាព ក្នុងការគ្រប់គ្រង និងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីរបស់ខ្លួនជាប្រចាំសម្រាប់ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ និង អន្តរជាតិ ។
២-ក្រសួងស្ថាប័ន និងអាជ្ញាធររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ក្នុងការបង្កើតក្រុមកីឡាដែលខ្លួនមានឧត្តមភាព និង ត្រូវរៀបចំការប្រកួតក្នុងក្របខ័ណ្ឌផ្ទៃក្នុង តាមពេលវេលា សមស្របសម្រាប់ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិលើកទី ៤ និងកីឡា-ជាតិជនពិការលើកទី ២ ឱ្យបានកាន់តែច្រើន ។
៣-គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយជាស្រេច ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាកម្រិត អន្តរជាតិដ៏ធំជាប្រវត្តិសាស្ត្រនេះ ។
៤-គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ត្រូវពង្រីកកិច្ចសហការឱ្យបានជិតស្និទ្ធប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធ- តួអង្គតែមួយ ” ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជាបន្ទាន់សំដៅធានាបានប្រសិទ្ធភាពក្នុងការដឹកនាំ ការគ្រប់គ្រង និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនៅឆ្នាំ ២០២៣ ។
៥-សូមអំពាវនាវដល់វិស័យឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ សូមចូលរួមដល់មូលនិធិកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីរួមចំណែកដល់ភាព ជោគជ័យនៃការរៀបចំការប្រកួតកីឡាកម្រិតអន្តរជាតិនេះ។
៦-សូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមប្រកាន់ខ្ជាប់នូវស្មារតី “ប្រជាជនម្នាក់ជាម្ចាស់ផ្ទះម្នាក់” ពិសេសប្រជាជន នៅតាមរាជធានី-ខេត្ត ដែលត្រូវត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ សូមរៀបចំអនាម័យ ថែរក្សាបរិស្ថានឱ្យបានល្អ និងរៀបចំតុបតែងលម្អ ដើម្បីលើកកម្ពស់សោភ័ណភាពមូលដ្ឋានរបស់ខ្លួន សំដៅលើកមុខមាត់កម្ពុជា និងទាក់ទាញការចាប់អារម្មណ៍របស់ប្រតិភូ-កីឡា និងភ្ញៀវអន្តរជាតិទាំងអស់ ដែលនឹងអញ្ជើញមកចូលរួមការប្រកួតនៅកម្ពុជានៅឆ្នាំ ២០២៣ ខាងមុខនេះ។
៧-សូមលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីយុទ្ធនាការអប់រំសង្គម “មានអ្វីលើសពីការប្រកួតកីឡា” (Beyond the Games) របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីបង្កើនការយល់ ដឹងអំពីបច្ច័យជាវិជ្ជមាន នៃការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ កីឡាដ៏ធំជាប្រវត្តិសាស្ត្រនេះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា៕