រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ វិទ្យុនៅតែជាមធ្យោបាយមួយនៃការផ្ដល់ព័ត៌មាន ដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ហើយក៏នៅតែដើរតួនាទីសំខាន់នៅក្នុងការការពារសន្តិសុខជាតិ
———–
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានលើកឡើងថា វិទ្យុជាតិ ទោះបីជាឥឡូវនេះប្រជាជនបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាមូលដ្ឋាននៃការទទួលព័ត៌មាន នៅតាមទីប្រជុំជនមួយចំនួនធំក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋនៅតាមទីជនបទ គឺវិទ្យុនៅតែជាមធ្យោបាយមួយនៃការផ្ដល់ព័ត៌មាន ហើយក៏នៅតែដើរតួនាទីសំខាន់នៅក្នុងការការពារសន្តិសុខជាតិ ជាពិសេស បងប្អូនមន្រ្ដីរាជការទាំងអស់បានខិតខំប្រឹងប្រែងធ្វើការបម្រើប្រជាពលរដ្ឋ ដោយធ្វើម៉េចធានានូវសំឡេងរបស់រាជរដ្ឋាភិបាល។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជាស្បៀងអាហារ ថវិកា ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាប្រចាំការផ្សាយ និងពិនិត្យមើលដំណើរការផ្សាយរបស់ស្ថានីយ៍ផ្សាយវិទ្យុជាតិកម្ពុជា AM918 KHz មានកម្លាំងផ្សាយ ៦០០KW ផ្សាយ ស្ថិតនៅស្ថានីយ៍វិទ្យុ ភូមិវាលកណ្តោល ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ទាំងវិទ្យុជាតិ ទូរទស្សន៍ជាតិទាំងសារព័ត៌មាន គឺទាំងអស់គ្នាបានដើរតួអង្គយ៉ាងសំខាន់ទៅលើចំណែកនៃការចូលរួមថែរក្សាសុខសន្តិភាពចូលរួមក្នុងការស្វែងរកសន្តិភាព ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងមកឥឡូវនេះ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺយើងបានចូលរួមក្នុងការថែរក្សាសុខសន្តិភាព ដែលមានស្រាប់ ហើយកិច្ចការងារនេះជាការងារសំខាន់ណាស់។ ឯកឧត្ដមបានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយទំនើប ឧទាហរណ៍ដូចជាទូរស័ព្ទបើសិនជាគេផ្ដាច់ប្រព័ន្ធ Internet គាត់អត់អាចទទួលព័ត៌មានបានទេ ប៉ុន្តែបើសិនជាមានវិទ្យុ មានទូរទស្សន៍ ទោះបីមិនមានប្រព័ន្ធ Internet តែគាត់នៅតែទទួលបាននូវព័ត៌មានដដែល ។
ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការ វិទ្យុជាតិកម្ពុជា ទាំងអស់ដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយកម្លាំងចិត្តនៅក្នុងការបម្រើជាតិមាតុភូមិ តាំងតែពីដើមដំណើរវិទ្យុជាតិរបស់យើងនេះគឺជាដំណើរមួយដែលចូលរួមនៅក្នុងបុព្វហេតុជាតិ និងប្រជាជន ជាពិសេសគឺការគាំទ្រទៅលើការងារសតិអារម្មណ៍។ ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ បានគិតគូរខ្ពស់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់មន្រ្តីរាជការ ដោយទី១ ក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០% លើសេវាពិនិត្យសុខភាព, ទី២ បង្កើតជាទារកដ្ឋាន សម្រាប់អោយមន្រ្តីជាស្រ្តីមានទីកន្លែងបំបៅដោះកូន មានកន្លែងក្មេងលេង និងមានបណ្ណាល័យអានសៀវភៅថែមទៀតផងដែរ។ ទី៣ ក៏នឹងផ្តល់ជាអង្ករជារៀងរាល់ខែដល់មន្រ្តីដែលមានជីវភាពខ្វះខាត ទី៤ គិតគូរពីគោលការណ៍ ក.៣ កើត ការ និង កប់ និងទី៥ ការរៀបចំទីតាំងឱ្យមានផាសុកភាពសម្រាប់មន្រ្តីរាជការបំពេញកិច្ចការងារ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានសម្ដែងនូវការអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈខ្ពស់ ដោយមិនខ្លាចនឿយហត់ដើម្បីបម្រើដល់វិស័យព័ត៌មាននៅកម្ពុជា។
តាមការបញ្ជាក់របស់ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជាបានឱ្យដឹងពីដំណើរការផ្សាយ គឺចាប់តាំងពីឆ្នាំ ២០១៦ មក វិទ្យុជាតិបានផ្សាយតាមហ្រ្វេកង់ AM 918KHz កម្លាំង 600KW គ្របដណ្តប់ទូទាំងប្រទេស និង FM 105.70KHz 30KW គ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួននៅជុំវិញរាជធានីភ្នំពេញ។ លោកជំទាវបន្ដថា ក្រៅពីការផ្សាយតាម Frequency AM និង FM វិទ្យុជាតិកម្ពុជា ក៏មានផ្សាយតាមវេបសាយអគ្គនាយកដ្ឋាន និង ទម្រង់ឌីជីថលដូចជា ទំព័រហ្វេសប៊ុកផ្លូវការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ឆាណេលយូធូប ឆាណេលតេលេក្រាម អែបក្រសួងព័ត៌មាន និង តិកតុក នូវរាល់មាតិផ្សាយទាំងអស់របស់វិទ្យុជាតិកម្ពុជា ។ ចំពោះការងារ ចុះយកព័ត៌មាន និងផលិតព័ត៌មាន មានការវិវឌ្ឍទៅតាមសម័យកាល និងបច្ចេកវិទ្យា។
លោកជំទាវអគ្គនាយិកាបានបន្ថែមថា ជាមួយនេះបានផ្លាស់ប្តូរពីការចុះយកព័តមានដោយផ្ទាល់ពីទីតាំងកើតហេតុ ឬ មូលដ្ឋាន មកទទួលព័ត៌មានតាមរយៈមន្រ្តីមន្ទីរព័ត៌មានគ្រប់ខេត្ត ក្រុង និង តាមក្រសួង ស្ថាប័ននានា និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ។
លោកជំទាវបានជម្រាបជូនផងដែរថា ចំពោះការងារកិច្ចសហប្រតិបត្តិការ វិទ្យុជាតិមានដៃគូរសហការ ដូចជា ១-ស្ថានីយ៍វិទ្យុ-ទូរទស្សន៍មជ្ឈិមបក្សចិន (CMG) ២-ស្ថានីយ៍វិទ្យុឈូងសមុទ្រ ប៉ៃពូ ក្វាងស៊ីចិន ៣-វិទ្យុ សំឡេងប្រជាជនវៀតណាម(VOV) ៤-ទីភ្នាក់ងារសារព័ត៌មាន Sputnik (ប្រទេសរុស្ស៊ី) ៥-ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU ) ៦-វិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក(AIBD)៕