លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានបន្តដឹកនាំកម្លាំងចម្រុះចុះធ្វើការត្រួតពិនិត្យទីតាំងល្បែងស៊ីសង និងទីតាំងដែលធ្លាប់បានបើកល្បែងស៊ីសងខុសច្បាប់ (ឆ្នោតឡូតូ) បានចំនួន ៦ទីតាំង ក្នុងនោះស្ថិតនៅក្នុងសង្កាត់បាទី មាន ៤ទីតាំង និងសង្កាត់ប្រាសាទ មាន ២ទីតាំង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
នៅក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកអភិបាលរងខេត្តស្វាយរៀង បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត និងកងកម្លាំងត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុសចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុត។
ក្រោយពីចុះត្រួតពិនិត្យឃើញថា គ្មានសកម្មភាពលេងល្បែងស៊ីសងទេ ក្រុមការងារក៏បានណែនាំបន្ថែមដល់ម្ចាស់ទីតាំងខាងលើ កុំឱ្យមានលួចលាក់បើកឡើងវិញ ព្រោះវាជាល្បែងខុសច្បាប់៕