ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីសង្គេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកFacebook បានធ្វើការផ្សព្វផ្សាយ ចោទប្រកាន់ទៅលើអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីកាស៊ីណូ យីហោ «ហ្គូដវើលដ៍ រឺស្រះទឹក បើកលេងល្បែងស៊ីសងឲ្យខ្មែរចូលលេង» នោះ លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានធ្វើការច្រានចោលទាំងស្រុង ចំពោះការផ្សព្វផ្សាយដោយគ្មានការពិត និងគ្មានធ្វើបទសម្ភាសួរនាំឲ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ ជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូ ពិសេសអង្គភាពនគរបាល ដែលកំពុងតែខិតខំបំពេញភារៈកិច្ចយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ ជូនប្រជាពលរដ្ឋ និងជាតិ ។
លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង បានឲ្យដឹងថា រយះការកន្លងមកនេះពោលគឺបន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ និងណែនាំគ្រប់ម្ចាស់ទីតាំងដែលកំពុងបើកដំណើការ និងមានការសង្ស័យទាំងអស់បញ្ជាឲ្យបិត និងធ្វើកិច្ចសន្យាមិនអនុញ្ញាតបន្ត ចំពោះម្ចាស់អាជីវកម្មដែលមានច្បាប់ដូចជាកាស៊ីណូជាដើមគឺមិនអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងជាដាច់ខាត ។ម្យ៉ាងវិញទៀត លោកតែងតែណែនាំឲ្យកម្លាំងជំនាញរបស់លោកចុះធ្វើការស៊ើបអង្គេត ស្រាវជ្រាវជាប្រចាំដូចភ្លៀងរលឹម ព្រមទាំងបិតលេខទូរស័ព្ទទាន់ហេតុការណ៍ នៅគ្រប់ទីសារធារណៈ ទីប្រជុំជន ភោជនីដ្ឋាន ហាងគុយទាវ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ។ល។ ផងដែរ ដើម្បីជាការងារស្រួលសម្រាប់ប្រជាពលរដ្ឋរាយការណ៍បានទាន់ពេលវេលា និងពេលមានហេតុការឬបទល្មើអ្វីមួយកើតឡើងនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតទៀតផង ។
ដោយឡែកសម្រាប់កាស៊ីណូ ឈ្មោះ «ហ្គូដវើល រឺស្រះទឹក» នោះកម្លាំងជំនាញរបស់លោកបានធ្វើការស៊ើបអង្គេត និងបានចុះទៅដល់គោលដៅមិនឃើញមានអ្វីដូចការចោទប្រកាន់របស់បណ្តាញសង្គមមួយចំនួននោះដែរ ហើយកម្លាំងបានបន្តធ្វើការណែនាំនិងធ្វើកិច្ចសន្យាមិនឲ្យមានការបើកល្បែងស៊ីសង ដោយឲ្យជនជាតិខ្មែរចូលលេងហើយដែរ។ ដូច្នេះលោកបានស្នើឲ្យម្ចាស់គ្រប់គ្រងការផ្សព្វផ្សាយបញ្ឈប់ការផ្សព្វផ្សាយខុសពីការពិត និងបែបញុះញ៉ុងបន្ត ជាហេតុនាំឲ្យមហាជនគ្រប់មជ្ឈដ្ឋានមានការភាន់ច្រឡំ បើពុំដូច្នោះទេអង្គភាពនគរបាលនិងអនុវត្តតាមនិតិវិធីច្បាប់ ៕RT