ខេត្តបាត់ដំបង ÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង ព្រមទាំងផ្តល់ជូនសម្ភារជួសជុល ថែទាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងពីសមិទ្ធផលធំៗជាច្រើន ដែលជាការខិតខំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាំងពីអាណត្តិមុនមក រួមមាន៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តបាត់ដំបង ទៅកាន់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង និងគម្រោងស្ថាបនាផ្លូវតភ្ជាប់ពីខេត្តបាត់ដំបង ទៅកាន់ខេត្តសៀមរាបជាដើម។
នៅក្នុងឱកាសនេះផងដែរ ឯកឧត្តម អភិបាល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ដល់គម្រោងជាបន្តបន្ទាប់ ដូចជាទីលានចាក់សំរាម គម្រោងកែលម្អប្រព័ន្ធលូ គម្រោងស្ដារប្រឡាយប្រវែង១០គីឡូម៉ែត្រ ជាដើម។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអង្គពិធី អំពីយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។
ឯកឧត្តមបញ្ជាក់ថា ក្រសួងបានយកចិត្តទុកដាក់យ៉ាងសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្តល់សេវាសាធារណៈ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦ និងអាណត្តិកន្លងទៅ និងត្រូវបន្តជំរុញកំណែទម្រង់ ព្រមទាំងជំរុញការអភិវឌ្ឍ បន្ថែមទៀតតាមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ល្អៗ និងបានអញ្ជើញជាកិត្តិយសផ្តល់ជូននូវសម្ភារ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់ រួមមាន៖ មួកការដ្ឋាន អាវចំណាំងផ្លាត កៅស៊ូត្រជាក់ Cold Mix ចំនួន ២០០បាវ ដល់មន្ទីរសម្រាប់ប្រើប្រាស់ក្នុងការជួសជុលថែទាំផ្លូវ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនផងដែរ៕