ខេត្ដបន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ យុវជនក្រុងសង្កាត់ សម្ពន្ធយុវជនស្រលាញ់សន្តិភាព កងកម្លាំងមន្ត្រីរាជការ សិស្សានុសិស្សចូលប្រមាណ៥០០នាក់ រួមគ្នាធ្វើអនាម័យ បរិស្ថាន ដាំកូនឈើ តាមដងផ្លូវ និងរង្វង់មូល រហូតដល់ភ្លើងស្តុបផ្សារកណ្តាល គោលបំណងលើកកម្ពស់សោភ័ណភាព និងការទាក់ទាញ ខណៈក្រុងប៉ោយប៉ែត មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឆ្លងកាត់ជារៀងរាល់ថ្ងៃ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ការសំអាតអនាម័យបរិស្ថាន រើសសំរាម ដាំកូនឈើ និងការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយ អប់រំដល់សាធារណជនទូទៅនូវការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់នៃការរស់នៅប្រចាំថ្ងៃឱ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ចោលសំរាមឱ្យចំធុងសំរាម ដែលពិភពលោកកំពុងយកចិត្តទុកដាក់ទៅលើអនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានលើកឡើងថា ការប្រារព្ធទិវាអនាម័យបរិស្ថាន ក៏ជាផ្នែកមួយនៃការចូលរួមជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលលើកឡើងអំពីភូមិឃុំសង្កាត់ ត្រូវតែ«មានអនាម័យល្អ សោភ័ណភាព និងបរិស្ថានល្អ» ដែលសំដៅលើការមានវិធានការក្នុងការគ្រប់គ្រង ថែរក្សា និងការពារធនធានធម្មជាតិ និងបរិស្ថាន អនាម័យប្រកបដោយប្រសិទ្ធភាព ជាពិសេសយន្តការដោះស្រាយសំរាម ធ្វើឱ្យមានសោភ័ណភាព និងផាសុកភាព។
លោកអភិបាលរងខេត្ត បញ្ជាក់ថា រដ្ឋបាលក្រុងបានកំពុងខិតខំរៀបចំឱ្យមានការបញ្ជ្រាបការអប់រំដល់ប្រជាពលរដ្ឋអំពីច្បាប់ គោលការណ៍ និងវិធានការនានាស្តីពីការថែរក្សាបរិស្ថាន រួមទាំងវិធីសាស្ត្រ នៃការរក្សាសុខភាព អនាម័យ សុវត្ថិភាពចំណីអាហារ និងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាអនាម័យកន្លែងរស់នៅរៀងខ្លួនឲ្យបានល្អ វិចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕RT