ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅបន្ទប់ប្រជុំលេខ៣សាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តស្តីទី បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ ដោយមានការអញ្ជេីញចូលរួមពីលោក នាយករដ្ឋបាលសាលាខេត្ត លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។
ឯកឧត្តម អភិបាលខេត្តស្តីទី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមាន ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនអាមេរិក ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសចកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យមួយចំនួនដូចជា វិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ និងការជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ។ល។
ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្តស្តីទី ក៏បានបញ្ជាក់អំពីផលប៉ះពាល់នានាដោយសារ Covid-19 ហេីយខេត្តក៏មានផែនការស្តារ និងអភិវឌ្ឍខេត្តសៀមរាបដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការសាងសង់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប ការកសាងអាកាសយានដ្ឋាថ្មី ផែនការអភិវឌ្ឍវិស័យកសិកម្ម និងទេសចរណ៍ជាដើម។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តស្តីទី និងប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាបតាមរយៈវិស័យទេសចរណ៍ ជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕