ខេត្តបាត់ដំបង ÷ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ និងប្រាក់រង្វាន់ជ័យលាភីដល់សិស្សពូកែទូទាំងប្រទេស និងសិស្សពូកែថ្នាក់ខេត្ត ឆ្នាំ២០២៣ នៅឯសាលប្រជុំអគារ អ៊ីE សាលាខេត្តបាត់ដំបង ។
លោកស្រី មាស ភិរុណអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣នេះ មន្ទីរអប់រំ យុវជន និងកីឡា
ខេត្តបាត់ដំបង បានបញ្ជូនសិស្សពូកែថ្នាក់ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និងថ្នាក់ទី១២ សរុបចំនួន៣៣នាក់ ស្រី១៦នាក់ ចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅមណ្ឌលវិទ្យាល័យនេតយ៉ង់ ដែលមានបេក្ខជនមកពីគ្រប់រាជធានី-ខេត្ត ចំនួន ៤៨០នាក់ ស្រី២៦៤នាក់ ។
ជាលទ្ធផលខេត្តបាត់ដំបង ដណ្ដើមបានជ័យលាភីសរុបចំនួន៤នាក់ ស្រី១នាក់ ១.ឈ្មោះ សុន បូរី នរិន្ទ ភេទប្រុស មកពីវិទ្យាល័យនេតយ៉ង់ មេដាយមាស ផ្នែកគណិតវិទ្យា ថ្នាក់ទី៩ ។ ២.ឈ្មោះ នី លីហួរ ភេទប្រុស មកពីសាលាអន្តរជាតិ យូអេសអេ មេដាយសំរិទ្ធ ផ្នែកគណិតវិទ្យាថ្នាក់ទី៩ ។ ៣.ឈ្មោះ ម៉េង សុខឡុង ភេទប្រុស មកពីវិទ្យាល័យនេតយ៉ង់ ចំណាត់ថ្នាក់លេខ៦ ផ្នែកគណិតវិទ្យាថ្នាក់ទី៩ និងទី៤.ឈ្មោះ ខាំ ឃុនសារ៉ាវត្ថី ភេទស្រី មកពីសាលាអន្តរជាតិ យូអេសអេ ចំណាត់ថ្នាក់លេខ៩ ផ្នែកអក្សរសិល្ប៍ខ្មែរ ថ្នាក់ទី៩ ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មាតាបិតាដែលខិងខំបញ្ជូនកុលបុត្រកុលធីតាមកសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង ដើម្បីបង្កើតជាធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ ។ ក្នុងនោះ ឯកឧត្តមក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូដែលខិតខំបង្ហាត់បង្ហាញដល់សិស្សានុសិស្សឱ្យមានចំណេះដឹងពេញលេញ និងមានសមត្ថភាពក្នុងការប្រឡងប្រជែងបាន ដោយក្នុង នោះមិនត្រឹមតែការកើតឡើងពីលោកគ្រូអ្នកគ្រូតែម្នាក់ទេ តែជាកើតឡើងតាមរយៈការខិតខំប្រឹងប្រែងពីសិស្សានុសិស្សដោយខ្លួនឯង ដើម្បីជំរុញខ្លួនឯងឱ្យកាន់តែមានចំណេះដឹង និងសមត្ថភាពជាងមុនផងដែរ។