ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃអាទិត្យទី០៦ខែសីហាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ១២៣គ្រួសារ ដែលពាក់ព័ន្ធនៅលើទីតាំងទំនាស់ករណីបងប្អូនប្រជាពលរដ្ឋផ្ទុះការតវ៉ាលើការផ្សព្វផ្សាយលិខិតជូនដំណឹង ស្តីពីការអនុវត្តដោយស្ម័គ្រចិត្តលេខ ០៨១ លជណ.អ.ជ/២៣ ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ របស់អាជ្ញាសាលានៃសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីកិច្ចប្រជុំជាមួយក្រុមការងារនៅសាលាក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី០៣ខែសីហាឆ្នាំ២០២៣កន្លងមក ។
ពិធីសំណេះសំណាលមានការចូលរួមពីសំណាក់ឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត លោក ឡា ប៊ុនហួន អាជ្ញាសាលានៃសាលាដំបូងខេត្តបន្ទាយមានជ័យ និងក្រុមការងារពាក់ព័ន្ធនានា ។
បងប្អូនប្រជាពលរដ្ឋបានសម្តែងការស្វាគមន៍ ចំពោះវត្តមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដែលបានចុះមកពិនិត្យ និងស្វែងរកដំណោះស្រាយតាមបែបឈ្នះឈ្នះក្រៅប្រព័ន្ធតុលាការ តាមការចាត់តាំងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានណែនាំឱ្យប្រជាពលរដ្ឋដែលព្រមទទួលយកការដោះស្រាយតាមបែបឈ្នះឈ្នះ ដែលមានឯកឧត្តមបណ្ឌិតជាអ្នកដឹកនាំផ្ទាល់ ត្រូវធ្វើអត្តសញ្ញាណកម្មជាមួយក្រុមការងារជំនាញជាមុនសិន ដើម្បីក្រុមការងារងាយស្រួល និងឆាប់បានបន្តដំណើរការឆ្ពោះទៅកាន់ការដោះស្រាយបញ្ចប់ជាស្ថាពរ៕