ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកទៀនវស្សា និងទេយ្យទានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃនៅវត្តសិរីសន្ធាយ ហៅវត្តធាយ ស្ថិតក្នុងភូមិធាយ ឃុំធាយ ស្រុកបាភ្នំ។
ទេយ្យទានរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ បច្ច័យកសាងវត្ត ចំនួន ១លានរៀល បច្ច័យប្រគេនព្រះសង្ឃ ចំនួន ៥អង្គ ក្នុង ១អង្គៗ ចំនួន ៤ម៉ឺនរៀល ទៀនវស្សា ចំនួន ១គូ អង្ករ ចំនួន ១០០គីឡូក្រាម សាដក ចំនួន ៥ប្រអប់ មី ចំនួន ៧កេស ត្រីខកំប៉ុង ចំនួន ៥យួរ ទឹកត្រី ចំនួន ៥យួរ ទឹកស៊ីអ៊ុីវ ចំនួន ៥យួរ ទឹកដោះគោ ចំនួន ៥កំប៉ុង ស្ករស ចំនួន ២គីឡូក្រាម ប្រេងឆា ចំនួន ១ដបធំ សៀង ចំនួន ១ដបធំ ប៊ីចេង ចំនួន ១គីឡូក្រាម និងទឹកបរិសុទ្ធ ចំនួន ៥០យួរ។
ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានការិយាល័យ សមាជិកគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងប្រធាន-អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផងដែរ៕