ផេកផ្លូវការឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ÷-យោងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២។
-យោងសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្តីពីការតែងតាំងសមាសភាព តួនាទី និងភារកិច្ចរបស់លេខាធិការដ្ឋាន និងអនុគណៈកម្មការនានា នៃគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២។
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ជាអនុប្រធានគណៈកម្មការអន្តរក្រសួង និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសុខាភិបាល ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ នេះ បានចុះត្រួតពិនិត្យកម្លាំង មធ្យោបាយ សម្ភារ បរិក្ខារ និងយុទ្ធោបករណ៍ រៀបចំដាក់ចេញផែនការការងារប្រគល់ជូនកម្លាំងគ្រប់ជំនាញតាមតួនាទី ភារកិច្ចនៃក្រសួង ស្ថាប័ន អង្គភាពដែលមានសមត្ថកិច្ចនីមួយៗ ឱ្យមានការទទួលខុសត្រូវខ្ពស់ គោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពបទបញ្ជា។ ជាមួយគ្នានោះដែរ គឺយកចិត្តទុកដាក់ការចិញ្ចឹមបីបាច់ ហូបឆ្អែតប្រកបដោយអនាម័យ ការស្នាក់នៅ ការពិនិត្យសុខភាពរបស់កម្លាំងដែលកំពុងប្រតិបត្តិការ។ កិច្ចប្រជុំនានានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ នៅខេត្តសៀមរាប។
ដើម្បីអនុវត្តតាមសេចក្តីសម្រេចទាំងពីរខាងលើបានរលូន ទទួលបានប្រសិទ្ធភាពខ្ពស់ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុញ្ញាតគោរពស្នើសុំសាធារណជនទាំងអស់ ជាពិសេសភូមិសាស្ត្រក្នុងខេត្តសៀមរាប មេត្តាចូលរួមដោយសេចក្តីស្មោះត្រង់អស់ពីដួងចិត្ត ក្នុងការរួមចំណែកការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនគណៈប្រតិភូជាតិ អន្តរជាតិ ដូចខាងក្រោម៖
១-ក្នុងពេលកំពុងធ្វើដំណើរតាមដងផ្លូវ សូមមេត្តាប្រុងប្រយ័ត្នកុំឆ្លងកាត់ និងសុំអេបស្តាំ អំលុងពេលដែលក្បូនរបស់គណៈប្រតិភូធ្វើដំណើរមកដល់។
២-សូមកុំរំខានដល់គណៈប្រតិភូ នៅចំណុចទីតាំងអាកាសយានដ្ឋានអន្តរជាតិ, កន្លែងស្នាក់នៅ, កន្លែងប្រជុំ, កន្លែងទស្សនកិច្ច និងទីលានកីឡា…។ល។
៣-បុគ្គលដែលគ្មានភារកិច្ច ឬសមត្ថកិច្ចក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់នេះ សូមកុំរំខានកងកម្លាំង ឬមន្ត្រីដែលកំពុងបំពេញភារកិច្ចនេះ។
យើងខ្ញុំទាំងអស់គ្នា សង្ឃឹមជឿជាក់ទុកចិត្តចំពោះសាធារណជន ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ប្រទេស ជាពលរដ្ឋល្អ នឹងចូលរួមយ៉ាងសកម្ម ដើម្បីកិត្តិយស កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាយើងទាំងអស់គ្នា។
ខ្ញុំបាទ ឧត្តមសេនីយ៍ អេង ហ៊ី សូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាពលរដ្ឋ សាធារណជនទាំងអស់ សូមគោរពជូនពរសុខភាពល្អ សុភមង្គល ចម្រុងចម្រើន និងជោគជ័យគ្រប់កិច្ចការងារទាំងឡាយ ព្រមទាំងទទួលបាននូវពុទ្ធពរ ពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ សូមគោរពអរគុណ! RT