ភ្នំពេញ៖ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំប្រចាំត្រីមាសរបស់ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល ជាង២០អង្គភាពសមាគមអង្គការសង្គមសុីវិល
នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្នាក់ការកណ្តាលសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល។
កិច្ចប្រជុំនេះ បានវាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែង ធ្វើកិច្ចការមនុស្សធម៌សង្គមនិងចូលរួមដាំដើមឈើរួមគ្នា នៅមូលដ្ឋាន ជាច្រើនលើកច្រើនសារ ក្នុងរយៈពេលត្រីមាសកន្លងមក និងដាក់ទិសដៅអនុវត្តផែនការសកម្មភាពបន្តទៅមុខទៀត។
អង្គប្រជុំក៏បានដាក់ផែនការ កំណត់នឹងចុះទៅធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ CLV-DTA នៅចំណុចព្រំដែនខេត្តចំនួន៤ គឺមានខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី និងខេត្ត្តស្ទឹងត្រែង ដែលការការធ្វើដំណើរនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ។
បើតាមឯកឧត្តម ហែម ប្រសើរ ដែលជា ប្រធានសម្ព័ន្ធភាពបានមានប្រសាសន៍ថា នៅក្នុងបេសកកម្មមួយនេះ គឺមានវត្តមានចូលរួមពីសមាគមអង្គការមិនមែនរដ្ឋាភិបាល សមាគមអ្នកសារព័ត៌មាន ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួន ដែលជាសម្ព័ន្ធភាព និងអតីតបេក្ខភាពក្រុមប្រឹក្សារបស់គណបក្សប្រឆាំងជាច្រើន រូបផងដែរ ។
ឯកឧត្តមបានបញ្ជាក់ថា ការចុះទៅធ្វើទស្សនៈកិច្ចនេះ គឺមិនមែនត្រឹមតែជាការចង់ឃើញ បង្គោលព្រំដែនឲ្យបានច្បាស់លាស់នោះទេ ប៉ុន្តែបេសកកម្មនេះ ចង់សិក្សាស្វែងយល់ពី ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និង សុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែន ក៏ដូចជាមតិយោបល់ការយល់ឃើញរបស់ប្រជាពលរដ្ឋនៅទីនោះ អំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ CLV-DTA នៅចំណុចព្រំដែនខេត្តចំនួន៤នេះ ។
ឯកឧត្តម ហែម ប្រសើរ ប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមសីុវិល បានសម្តែងនូវការព្រួយបារម្ភពីចេតនាទុច្ចរិតរបស់ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសក្រុមទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត ផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃសភាពការណ៍ ក្រឡៃការពិត ដើម្បីបំរើនយោបាយខ្មៅងងឹត ក្នុងគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា ដែលកសាងមកបានយ៉ាងលំបាក និងមានការលះបង់ខ្ពស់ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រតិបត្តិករឯក មគ្គុទេ្ទសនយោបាយឈ្នះឈ្នះ ។
ឯកឧត្តមបានរំលឹកថា ប្រជាជនកម្ពុជា ក៏ដូចជាក្រុមគ្រួសាររបស់ឯកឧត្តមផ្ទាល់ ក៏បានបាត់បង់មនុស្សជាទីស្រឡាញ់ យ៉ាងឈឺចាប់បំផុត ដោយសារតែសង្គ្រាមរ៉ាំរ៉ៃដែលអូសបន្លាយចាប់តាំងពីរបបខ្មែរក្រហមរហូតមកដល់កម្ពុជាទទួលបានសុខសន្តិភាពពិតប្រាកដ ក្រោមយុទ្ធសាស្ត្រនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោ។ហេតុដូច្នេះតុក្កតាសុខសន្តិភាពមានតម្លៃធំធេងណាស់។
ឯកឧត្តមក៏បានអំពាវនាវដល់សមាគមអង្គការសង្គមស៊ីវិលទាំងអស់ ក៏ដូចជាក្រុមយុវជននិងប្រជាពលរដ្ឋទូទាំងប្រទេស សូមកុំជឿពាក្យញុះញង់ ក្រុមជ្រុលនិយមក្រៅប្រទេស ពិសេសក្រុមទណ្ឌិត សម រង្សី ដែលព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀត ផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតព័ត៌មានក្លែងក្លាយ បំភ្លៃសភាពការណ៍ក្រឡៃការពិត ដើម្បីបំរើនយោបាយខ្មៅងងឹត ក្នុងគោលដៅចង់បំផ្លាញសុខសន្តិភាពសង្គមកម្ពុជា ក្រោមយុទ្ធសាស្រ្ត ប្រើប្រាស់កំលាំងយុវជននិងពលរដ្ឋ ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមរូបភាពបដិវត្តព៌ណ។ល។
ហេតុដូច្នេះ សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំ អង្គការសង្គមស៊ីវិលគណបក្សនយោបាយ នឹងចុះទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្ដែងនៅខេត្តទាំងបួន ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ ប្រទេសវៀតណាម ពិនិត្យមើលជាក់ស្ដែងអំពីជីវភាពប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនព្រមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ជាពិសេសគឺស្វែងយល់អំពី កិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណ CLV-DTA ដើម្បីត្រឡប់មកផ្សព្វផ្សាយ ការពិតជូនដល់យុវជននិងប្រជាពលរដ្ឋដែលមិនទាន់បានទៅទស្សនកិច្ចនៅតំបន់នោះផ្ទាល់ ។
ជាចុងក្រោយឯកឧត្តម ហែម ប្រសើរ បានអំពាវនាវយ៉ាងទទូច ដល់សមាគមអង្គការសង្គមស៊ីវិល ក៏ដូចជាក្រុមយុវជននិងប្រជាពលរដ្ឋទាំងអស់ សូមឈរលើស្មារតីស្នេហាជាតិ ការពារសុខសន្តិភាពឲ្យបានស្ថិតស្ថេរគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ។សន្តិភាព ដែលជាកត្តាសំខាន់បំផុត គ្មានសុខសន្តិភាពគឺគ្មានអ្វីទាំងអស់។
ចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមក៏បានផ្ដល់កិត្តិយសថតរូបជាអនុស្សាវរីយ៍ ជាមួយនឹងសមាគមអង្គការក្រៅរាជរដ្ឋាភិបាលទាំង២១ ប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងរីករាយបំផុត៕