(បន្ទាយមានជ័យ)÷ នាព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស អញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ ពិធីសម្ភោធដាក់ឱ្យប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសមទ្ធិផលនានា របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការអញ្ជេីញចូលរួមពីសណាក់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកឧត្ដមសេនីយ៍ លោកវរសេនីយ៍ ប្រតិភូអមដំណើរផងដែរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ៖ ការសាងសង់អគាររដ្ឋបាលមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺជាគំនិតផ្តួចផ្តេីមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជហត្ថខេត្តបន្ទាយមានជ័យ ដោយបានចាក់ដីបំពេញបន្ថែម ធ្វើរបងព័ទ្ធជុំវិញ និងធ្វើការសាងសង់អគារធ្វើការងារ អគារស្នាក់នៅថ្មី រួមនឹងសមិទ្ធផលនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារកងរាជអាវុធហត្ថ ងាយស្រួលក្នុងការបំពេញភារកិច្ចការពារសន្តិសុខ និងរក្សា សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
មានប្រសាសន៍ក្នុងកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានថ្លែងនូវការកោតសរសេីរដល់កងរាអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសេីរ ជាពិសេសការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ប្រកបដោយទំនួលខុសត្រូវខ្ពស់។ និងបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ក្រុង-ស្រុក សប្បុរសជនដែលចូលរួមចំណែកធនធានជាមួយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជម្រុញណែនាំដល់គ្រប់អង្គភាពកងរាជអាវុធហត្ថនូវកត្តាសំខាន់ៗដែលអាវុធហត្ថ ត្រូវយកចិត្តទុកដាក់មាន៤ រួមមាន ១-ធនធានមនុស្ស អង្គភាពត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាព ដេីម្បីបម្រើជាតិមាតុភូមិប្រកបដោយឆន្ទះមនសិកា,២-គ្រឿងបំពាក់ សម្រាប់អង្គភាព, ៣-ជម្រំ ជម្រក ដេីម្បីរស់នៅ រៀនសូត្រ និងកន្លែងធ្វេីការសមរម្យ និងទី៤ ការចិញ្ចឹម ថែរក្សាសុខមាភាពអាវុធហត្ថក្រោមឱវាទ និងបន្តយកចិត្តទុក្ខដាក់លេីជីវភាពរស់នៅរបស់យោធិនចូលនិវត្តន៍។ មួយវិញទៀត ត្រូវអនុវត្តនូវតួនាទី និងភារកិច្ច របស់កងរាជអាវុធហត្ថដែលអនុវត្តតាមឋានានុក្រម វិន័យ នៃកងយោធពលខេមរភូមិន្ទ ច្បាប់របស់រដ្ឋ តាមបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ក៏ដូចជាបែបបទរដ្ឋបាល។
សូមបញ្ជាក់ផងដែរថា ៖ សមិទ្ធផលដែលត្រូវបានដាក់សម្ពោធឱ្យប្រេីប្រាស់ជាផ្លូវការនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត រួមមាន អគារស្នាក់នៅមានទំហំ៨៤៤ម៉ែត្រការ៉េ (មានបណ្តោយ១១ ម៉ែត្រ និងទទឹង ២២.៣ ម៉ែត្រ) មានកម្ពស់ ០៣ ជាន់។ អគាររដ្ឋបាលមានបណ្ដោយ ១៧.៧៥ ម៉ែត្រXទទឹង ២២.៣០ម៉ែត្រមានបន្ទប់ធ្វើការចំនួន០៦បន្ទប់ បន្ទប់ទឹក០៦ បន្ទប់ និងបន្ទប់ឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន០១បន្ទប់ និងឃ្លាំងសម្ភារៈ ០១បន្ទប់ ។ អគារប្រចាំការមានបណ្តោយ ៤.៨ ម៉ែត្រ ទទឹង ១២.៣ ម៉ែត្រ រួមនឹងសមិទ្ធផលនានា សរុបថវិកាចំណាយក្នុងការសាងសង់ និងទិញឧបករណ៍ គ្រឿងបំពាក់ អស់ទឹកប្រាក់សរុបចំនួន ៥៧៤,៩១៤$(ហាសិប ប្រាំពីរម៉ឺន បួនពាន់ ប្រាំបួនរយ ដប់បួន ដុល្លារអាមេរិក) ។
នាឱកាសនោះផងដែរលោកនាយឧត្តសេនីយ៍ សៅ សុខា ក៏បានអញ្ជើញសំណេះសំសាលជាមួយអតីត យោធិនចូលនិវត្តន៍ ពិការ និងគ្រួសារពលី មរណ: ចំនួន៦៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២០ម៉ឺនរៀលផងដែរ៕