រាជធានីភ្នំពេញ ÷ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត លើអធិការរងខណ្ឌចំការមនម្នាក់ ដែលបានវាយទៅលើប្រជាពលរដ្ឋបណ្ដាលឲ្យសន្លប់ ទាំងដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ នៅយប់ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ចំណុចផ្លូវ៤៨៤ កែង៩៩ ស្ថិតក្នុងខណ្ឌចំការមន។
នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីអធិការរងខណ្ឌចំការមន ដែលបានវាយលើប្រជាពលរដ្ឋដែលបើករថយន្ដបុកខឿននោះ គឺជាការល្មើសវិន័យ និងល្មើសច្បាប់។ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដាច់ណាត់ទៅអធិការខណ្ឌចំការមន ត្រូវតែអនុវត្តតាមច្បាប់ចំពោះមន្ដ្រីដែលបង្កហិង្សាលើប្រជាពលរដ្ឋនេះ»។
ដោយឡែក សម្រាប់អ្នកបើកបររថយន្ដដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បុកខឿនផ្លូវសាធារណៈនោះ ក៏ត្រូវហៅមកធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យតាមផ្លូវច្បាប់ដូចគ្នា។ អធិការរងនគរបាលខណ្ឌចំការមន ដែលប្រើប្រាស់ហិង្សាលើប្រជាពលរដ្ឋទាំងដែលខ្លួនកំពុងស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំនេះ ឈ្មោះ ហ៊ួត គង់ ជាអធិការរងទទួលផែនបច្ចេកទេសកោសល្យវិច្ច័យ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន។
គួរជម្រាបថា នៅយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ មានបុរសម្នាក់បើករថយន្ត PRIUS បុកខឿនផ្ទះប្រជាពលរដ្ឋខូចខាតបន្តិចបន្តួច ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូម៉ាក PCX ដែលជាគេស្គាល់ថា ជាអធិការរងនគរបាលខណ្ឌចំការមន (រហ័សនាម បាសាក់១៤) មិនដឹងចេញពីផឹកស៊ីស្រវឹងមកពីណាទេ បានមកឃាត់រថយន្តហើយប្រើពាក្យសម្ដីមិនសមរម្យ រហូតកេីតជាហិង្សាវាយបុរសម្នាក់រថយន្តមុន ហេីយម្ចាស់រថយន្តក៏បានវាយវិញបង្កការភ្ញាក់ផ្អេីលយ៉ាងខ្លាំង នៅចំណុចផ្លូវ៤៨៤ កែងផ្លូវលេខ៩៩ ស្ថិតក្នុងសង្កាត់ផ្សារដេីមថ្កូវ ព្រំប្រទល់សង្កាត់បឹងត្របែក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕